🎉យើងខ្ញុំសូមសម្តែងនូវការកោតសរសើរអស់ពីដួងចិត្ត និងអបអរសាទរ ជូនចំពោះក្រុមនិស្សិតតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានពានរង្វាន់ជើងឯក ក្នុងការប្រកួតសវនាការប្រឌិតកម្ពុជា ឆ្នាំ២០២៦ (The Cambodia Moot Court Competition 2026) រៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។
🎓🏆🥇🏅សមិទ្ធផលដ៏ត្រចះត្រចង់ដែលក្រុមនិស្សិតសម្រេចបាន រួមមាន៖
• ពានរង្វាន់ជ័យលាភីលេខ១៖ ទទួលបានដោយក្រុម ០០៤ មានលោក អ៊ឹង ប៊ុនគៀត លោក ឡាយ គឹមលីន លោក ង៉ែត សុខវិសាល និងកញ្ញា ភាន លក្ខណា។
• ពានរង្វាន់សារណាលាយលក្ខណ៍អក្សរល្អបំផុត៖ ទទួលបានដោយក្រុម ០០៤។
• ពានរង្វាន់សារណាលាយលក្ខណ៍អក្សរល្អលេខ២៖ ទទួលបានដោយក្រុម ០០៣ មានកញ្ញា ចិន្តា បុប្ផាពេជ្រ កញ្ញា ខាំ សុផានិត កញ្ញា បុត្រ រតនាលីហ្សា និងកញ្ញា ឡាយ សុភា។
• ពានរង្វាន់អ្នកថ្លែងតំណាងព្រះរាជអាជ្ញាល្អលេខ២៖ ទទួលបានដោយលោក ឡាយ គឹមលីន។
ជោគជ័យដ៏អស្ចារ្យនេះ គឺជាផ្លែផ្កានៃការលះបង់ទាំងកម្លាំងកាយចិត្ត និងការតម្រង់ទិសយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹកដឹកនាំគឺ លោកមេធាវី ឡុង បញ្ញារិទ្ធិ និងលោកស្រីមេធាវី ហៀង ណៃហៀក ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបណ្តុះបណ្តាល និងផ្តល់បទពិសោធន៍យ៉ាងស៊ីជម្រៅដល់ក្រុមនិស្សិត។
ក្នុងឱកាសដ៏រំភើបនេះ សាកលវិទ្យាល័យសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ និងសាស្ត្រាចារ្យ Margaret Ryan នាយិកានៃកម្មវិធី ELBBL ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងជំរុញនូវគុណភាពអប់រំផ្នែកច្បាប់ឱ្យមានភាពរឹងមាំ និងមានស្តង់ដារខ្ពស់ជាអន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ និងសិស្សច្បងទាំងអស់ ដែលបានចែករំលែកនូវចំណេះដឹង និងគន្លឹះសំខាន់ៗរហូតឈានទៅសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នាពេលនេះ។