សារពីនាយក

ការបណ្តុះបណ្តាលធនធានមនុស្សកម្រិតក្រោយឧត្តមដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងឆាប់រហ័ស។ គោលដៅចម្បងរបស់ថ្នាក់ក្រោយបរិញ្ញាបត្រគឺធ្វើឱ្យនិស្សិតដែលបានបញ្ចប់ការសិក្សាទទួលបានចំណេះដឹងគ្រប់គ្រាន់ និងមានគុណធម៌ខ្ពស់ដើម្បីឱ្យពួកគេអាចធ្វើការងារ និងចូលរួមអភិវឌ្ឍសង្គមជាតិប្រកបដោយប្រសិទ្ធភាព។ ដើម្បីសម្រេចបានគោលដៅនេះ ការផ្តល់ចំណេះដឹងឱ្យនិស្សិត ជំនាញ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការទទួលខុសត្រូវសង្គម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងសង្គមជាតិ។ នេះគឺជាបេសកកម្មមួយយ៉ាងធំ និងចាំបាច់របស់អ្នកអប់រំគ្រប់រូប។

ជំនាញវិភាគស៊ីជម្រៅប្រកបដោយហេតុផល និងអំណះអំណាងច្បាស់លាស់ គឺជាការចាំបាច់ដែលត្រូវមានសម្រាប់និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ។ និស្សិត និងសាស្ត្រាចារ្យតម្រូវឱ្យធ្វើការស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យទាន់កម្រិតក្នុងតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះនិស្សិត និងសាស្ត្រាចារ្យគប្បីអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាមនុស្សសកលដែលអាចធ្វើការជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិដោយងាយស្រួល។

ដោយសេចក្តីគោរព

បណ្ឌិត ទិន ហេង
នាយក សាលាក្រោយបរិញ្ញាបត្រ


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.