សារពីព្រឹទ្ធបុរស

ក្នុង​នាម​​មហាវិទ្យាល័យ​​នីតិសាស្រ្ត នៃ​សាកល​វិទ្យាល័យ​​ភូមិន្ទ​នីតិសាស្រ្ត និង វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ហៅ​កាត់​ថា​ ស.ភ.ន.វ.ស ​ខ្ញុំ​សូម​គោ​រព​សម្តែង​នូវ​ការ​​ស្វាគមន៍​យ៉ាង​កក់​ក្តៅ និង​​ដោយ​សេច​ក្តី​សោមនស្ស​រីករាយ​ឥត​ឧបមា​ជូន​ចំពោះ​ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ទាំង​អស់​​ដែល​បាន​ចូល​មក​កាន់​​គេហ​ទំព័រ​​នេះ ។

មហាវិទ្យាល័យ​​នីតិសាស្រ្ត គឺ​ជា​មហាវិទ្យាល័យ​ដ៏​ធំ​​​មួយ​​ក្នុង​ចំណោម​មហាវិទ្យាល័យ​​ទាំង​​បួន​​នៃ​​ ស.ភ.ន.វ.ស ដែល​​ត្រូវ​​បាន​​បង្កើត​​ឡើង​​​តាំង​​ពី​​ឆ្នាំ​១៩៤៩ ​​​ប្រ​ក​ប​ដោយ​​កិត្តិ​​នាម​​ដ៏​​ឧត្តុង្គ​​ឧត្តម​ ថ្លៃ​ថ្លា​​ជា​​មួយ​​នឹង​​ថាម​ពល​​ក្នុង​​ភាព​​ប្រាកដ​និយម​ សុទិដ្ឋិនិយម ការទទួល​ខុសត្រូវ​ខ្ពស់​លើ​ការ​បណ្តុះបណ្តាល​មូល​ធន​ខាង​បញ្ញា​ក្នុង​វិស័យ​ច្បាប់​យ៉ាង​ទូលំទូលាយ​ រួម​បញ្ចូល​នឹង​ការ​ធានា​ឱ្យ​​ខាន​តែបាន​នូវ​និរន្តរភាព​​ កិត្យានុភាព​ ឈាន​មុខ​គេ​​ជា​ដរាប​រៀង​មក​​​នៅ​ក្នុង​​ព្រះរាជាណាចក្រកម្ពុជារហូត​មក​ដល់​​បច្ចុប្បន្ន​​នេះ ។

ជាក់​ស្តែង​ សាស្រ្តាចារ្យ​​នៅ​មហាវិទ្យាល័យ​​នីតិសាស្រ្ត​ គឺ​ជា​សាស្រ្តាចារ្យ​​ដែល​មាន​ចំណេះដឹង​ផ្នែក​ទ្រឹ​ស្តី​​ជ្រាល​ជ្រៅ​ មាន​​​ជំនាញ​ច្បាស់​លាស់​​ រួម​ផ្សំ​ជា​មួយ​​នឹង​បច្ចេកទេស​គរុ​កោសល្យ​ខ្ពស់​​ ដែល​​អាច​​ផ្តល់​​ឱ្យ​និស្សិត​​​មិន​ត្រឹម​តែ​ពុទ្ធិ​​ពី​​​ទ្រឹស្តី​​ច្បាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​​អាច​​ចែក​រំលែក​​នូវ​​បទ​ពិសោធន៍​​​​ពី​​ការ​អនុវត្ត​​​ច្បាប់​​ជាក់​ស្តែង​ក្នុង​​សង្គម​ទៀត​ផង​។ ​ជា​ពិសេស​​ទៅ​ទៀត ​មហាវិទ្យាល័យ​​​នីតិសាស្រ្ត​​​មាន​បទពិសោធន៍​យូរ​អង្វែង​​ក្នុង​ការ​​បណ្តុះ​​បណ្តាល​​ធន​ធាន​មនុស្ស​​ផ្នែក​​ច្បាប់​​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​​​ និង​មាន​​​កម្ម​វិ​ធី​សិក្សា​​ដែល​​ឆ្លើយ​តប​ទៅ​នឹង​​តម្រូវ​ការ​​ទីផ្សារ​ការ​ងារ​​សម្រាប់​និស្សិត​​ច្បាប់ ហេតុ​​ដូច្នេះ​​ហើយ ទើប​យើង​ឃើញ​ថា និស្សិត​​ច្បាប់​​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​​នីតិសាស្រ្ត​ជា​​ច្រើន​​រូប ​​កំពុង​​​​កាន់​តំណែង​សំខាន់ៗ​ជា​ច្រើន នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​នៃ​រាជរដ្ឋាភិបាល និង​កំពុង​​បំពេញ​ការ​ងារ​​​​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​ច្បាប់​ រួម​មាន​​ដូចជា ​ចៅក្រម ព្រះរាជអាជ្ញា​  មេធាវី សារការី អាជ្ញាសាលា ក្រឡាបញ្ជី​ មន្រ្តីរាជ​ការ​​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ និង ធ្វើ​ការ​​នៅ​ក្នុង​វិស័យ​ឯកជន​ផង​ដែរ​ ដូចជា​​តាម​​បណ្តា​ធនាគារ ក្រុមហ៊ុន​​ផ្សេងៗ ជា​ដើម ។

ម្យ៉ាង​វិញ​ទៀត​ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​​ជាមួយ​នឹង​សាកលវិទ្យាល័យ​ជា​​ដៃ​គូ​នៅ​​បរទេស ក្នុង​មួយ​ឆ្នាំៗ និស្សិត​​​ច្បាប់​​​នៃ​​មហាវិទ្យាល័យ​​​នីតិសាស្រ្ត​​​ជា​​ច្រើន​​​​​រូប​បាន​ចូល​រួម​ក្នុង​កម្ម​វិ​ធី​ផ្លាស់​ប្តូរ​និស្សិត​​ជា​មួយ​នឹង​សាកលវិទ្យាល័យ​​ជា​ដៃ​គូ និង​​​ទទួល​បាន​អាហា​រូបករណ៍​​​ទៅ​​បន្ត​​ការ​​សិក្សា​​នៅ​បណ្តា​​​ប្រទេស​​ជា​​ច្រើន​ ដូចជា ប្រទេសបារាំង ប្រទេស​ជប៉ុន ជា​ដើម ។ បន្ថែម​​ពី​លើ​នេះ​ទៀត ដើម្បី​ជួយ​​តម្រង់​​ទិស​​ដល់​​និស្សិត​​ច្បាប់ មហាវិទ្យាល័យ​​នីតិសាស្រ្ត​​​រៀប​ចំ​បង្កើត​​ឱ្យ​​មាន​កម្មវិធី​សិក្ខា​សា​លា​​ជា​បន្ត​បន្ទាប់​ ក្នុង​បំណង​ផ្តល់​​គំនិត​ជា​មូល​ដ្ឋាន​​សម្រាប់​ឱ្យ​​និស្សិត​ច្បាប់​​អាច​​ធ្វើ​ការ​សម្រេច​ចិត្ត​​ដ៏​ត្រឹម​ត្រូវ ក្នុង​ការ​ឈោង​ចាប់​យក​​​វិជ្ជាជីវៈ​​របស់​​ខ្លួន​នា​ពេល​អនាគត​។

និយាយ​ជា​រួម មហាវិទ្យាល័យ​​នីតិសាស្រ្ត​​យក​ចិត្តទុក​ដាក់​​​ជា​ពិសេស​​ជួយ​​បណ្តុះ​បណ្តាល​និស្សិត​​ច្បាប់ ដើម្បី​ត្រៀម​លក្ខណៈ​​​ទៅ​បំពេញ​​​​អនាគត​​វិជ្ជាជីវៈ​​ច្បាប់​ដែល​ជា​ក្តី​ស្រមៃ​​របស់​​និស្សិត​ម្នាក់ៗ ។

​មុន​នឹង​បញ្ចប់ ខ្ញុំ​សូម​គោរព​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែល​​បាន​ចំណាយ​​ពេល​វេលា​​អាន​សារ​​ខាង​លើ​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ជឿ​ជាក់​​ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា នឹង​ឆ្លៀត​​​ពេល​វេលា​​បន្ថែម​​ទៀត​​ដើម្បី​​ពិនិត្យ​​មើល​រាល់​ព័ត៌មាន​​ផ្សេងៗ​​ដែល​​ពាក់ព័ន្ធ​នឹង​មហាវិទ្យាល័យ​​នីតិសាស្រ្ត ព្រម​ទាំង​​កម្មវិធី​សិក្សា​​នៅ​​មហាវិទ្យាល័យ​​នីតិសាស្រ្ត ដើម្បី​បាន​យល់​ដឹង​ជា​បន្ថែម​ទៀត​​នូវ​គុណ​ភាព​ និង ភាព​ជោគជ័យ​​នៃ​​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស​ផ្នែក​ច្បាប់។

លោក រុន ពណ្ណារិទ្ធ
ព្រឹទ្ធបុរស


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.