សារពីព្រឹទ្ធបុរស
មហាវិទ្យាល័យរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយអនុក្រឹត្យលេខ ៥៦ អនក្រ.បក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៣ ស្តីពី ការប្រែក្លាយមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ទៅជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយបានដំណើរការបណ្តុះបណ្តាលធនធានមនុស្សថ្នាក់បរិញ្ញាបត្ររដ្ឋបាលសាធារណៈ ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០០៩ តាមរយៈសេចក្តីសម្រេចលេខ ២៦ អយក.សសរ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការបើកថ្នាក់បរិញ្ញាបត្រ ផ្នែកទំនាក់ទំនងអន្តរជាតិ សិក្សាជាភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មហាវិទ្យាល័យរដ្ឋបាលសាធារណៈបានដំណើរការបណ្តុះបណ្តាលធនធានមនុស្សថ្នាក់បរិញ្ញាបត្រថ្មីមួយទៀត គឺបរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ សិក្សាជាភាសាអង់គ្លេស។
ថ្នាក់បរិញ្ញាបត្ររដ្ឋបាលសាធារណៈ មានកម្មវិធីសិក្សារយៈពេល៤ឆ្នាំ គឺថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ទី៣ និងទី៤ ហើយត្រូវសិក្សាជាភាសាខ្មែរ។ កម្មវិធីសិក្សានេះ ផ្តល់ឲ្យនិស្សិតនូវចំណេះដឹងអំពីគោលការណ៍ច្បាប់ បទបញ្ជានានា និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ការអនុវត្តគោលនយោបាយសាធារណៈ ការងារគ្រប់គ្រងរដ្ឋបាលសាធារណៈ បញ្ហាលើការងារគ្រប់គ្រងរដ្ឋបាល និងសេវាសាធារណៈ។ លើសពីនេះ និស្សិតក៏អាចអភិវឌ្ឍខ្លួនឲ្យមានជំនាញដោះស្រាយបញ្ហាផ្ទាល់ខ្លួន និងសង្គមផងដែរ។
ថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ មានកម្មវិធីសិក្សារយៈពេល៣ឆ្នាំ ដោយទទួលយកនិស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋានលើជំនាញណាមួយពីសាកលវិទ្យាល័យ ឬពីស្ថាប័នដែលមានការទទួលស្គាល់ជាផ្លូវការ ព្រមទាំងទទួលជោគជ័យក្នុងការធ្វើតេស្តចូលរៀនជាភាសាអង់គ្លេស ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ កម្មវិធីសិក្សានេះ ផ្តល់ឲ្យនិស្សិតនូវចំណេះដឹងអំពីគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្តអន្តរជាតិ ការវិភាគតាមរយៈជំនាញពាក់ព័ន្ធអំពីអានុភាពនៃទំនាក់ទំនងអន្តរជាតិ ការបកស្រាយច្បាប់ និងសេចក្តីសម្រេចទាក់ទងយន្តការដោះស្រាយវិវាទជាអន្តរជាតិ ការគណនាទំហំនៃសំណងចំពោះការខូចខាតកើតចេញពីវិវាទអន្តរជាតិ និងជំនាញទំនាក់ទំនងជាភាសាអង់គ្លេសកម្រិតអន្តរជាតិទាំងផ្ទាល់មាត់ និងសរសេរ។ លើសពីនេះ និស្សិតអាចអភិវឌ្ឍជំនាញក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ ពិសេសសម្រាប់និស្សិត ដែលមានបំណងក្លាយជា អ្នកវិភាគកិច្ចការបរទេស អ្នកជំនាញ កិច្ចការបរទេស និងមន្រ្តីការទូត។
ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន 2+2 ដោយយោងតាមអនុស្សារណៈនៃការយោគយល់ស្តីពីសហប្រតិ បត្តិការលើការអប់រំ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ និងកិច្ចព្រមព្រៀងស្តីពីការអនុវត្តកម្មវិធីអប់រំ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស.ភ.ន.វ.ស. និង SWUPL បានចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តខ្មែរ-ចិន 2+2 នៅក្នុងឆ្នាំសិក្សា២០១៩-២០២០ រហូតមកដល់បច្ចុប្បន្ន។ កម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត 2+2 និស្សិតត្រូវសិក្សានៅ ស.ភ.ន.វ.ស.ចំនួន ២ឆ្នាំ (ឆ្នាំទី១ និងឆ្នាំទី២) ដោយការសិក្សាត្រូវប្រើប្រាស់ភាសាខ្មែរ។ និស្សិតដែលបញ្ចប់ការសិក្សាឆ្នាំទី១ និងទី២ ដោយជោគជ័យ ហើយដែលបានប្រឡងបញ្ជាក់សមត្ថភាពភាសាចិនទទួលបានពិន្ទុ HSK.4 នឹងត្រូវទៅបន្តការសិក្សាឆ្នាំទី៣ និងទី៤ នៅ SWUPL ដោយទទួលបាននូវអាហារូបករណ៍ និងការសិក្សាត្រូវប្រើប្រាស់ភាសាចិន។
មហាវិទ្យាល័យរដ្ឋបាលសាធារណៈបេ្តជ្ញាខិតខំប្រឹងប្រែង ផ្តល់ដល់និស្សិតនូវការបណ្តុះបណ្តាលប្រកបដោយគុណភាព គុណធម៌ និងស្របតាមតម្រូវការទីផ្សារការងារ ដោយបន្តយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវចំពោះ ការអភិវឌ្ឍកម្មវិធីសិក្សា ការពង្រឹងវិធីសាស្រ្តបង្រៀន និងការបន្ថែមកម្មវិធីចុះអនុវត្តផ្ទាល់ ដើម្បីឲ្យនិស្សិតអាចទទួលបានព្រមគ្នាទាំងចំណេះដឹងខាងទ្រឹស្តី និងការអនុវត្ត។ ទាំងអស់នេះ នឹងជួយឲ្យនិស្សិតរបស់យើងទទួលបានគំនិត ទស្សនៈវិស័យ និងការប្តេជ្ញាចិត្តខ្ពស់ សម្រាប់អភិវឌ្ឍខ្លួនឲ្យទាន់ភាពរីកចម្រើនរបស់ពិភពលោក។
លោក ថោង ចន្ត្រា
ព្រឹទ្ធបុរស